នៅថ្ងៃពុធ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ លោកស្រី ហែម លក្ខិណា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចក្នុងការបែងចែកតួនាទីភារកិច្ចរបស់គណៈកម្មការ អនុគណៈកម្មការ និងការទទួលខុសត្រូវក្នុងការរៀបចំពិធីសង្ក្រាន្តស្វាយរៀង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស២០២៣ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់អនុគណៈកម្មការ និងក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំធ្វើផែនការលម្អិត និងលើកគម្រោងចំណាយនៅក្នុងអនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខ ឲ្យទទួលបានលទ្ធផលជោគជ័យ និងបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា និងលេងកម្សាន្តប្រកបដោយសន្តិសុខ សុវត្ថិភាពល្អប្រសើរ ៕